អស់កាលជាយូរលង់ណាស់មកហើយមានដើមផ្លែប៉ោមមួយយ៉ាងធំ និងក្មេងតូចជាទីស្រឡាញ់ម្នាក់តែងតែមកលេងនៅជុំវិញវាជារៀងរាល់ថ្ងៃ។ ក្មេងតូចឡេីងលើដេីមប៉ោម ញុាុំផ្លែប៉ោម សំរាកនៅក្រោមម្លប់ដើមប៉ោម … ក្មេងតូចស្រឡាញ់ដើមឈើនោះហើយដើមឈើក៏ចូលចិត្តលេងជាមួយគេ។ ពេលវេលាកន្លងទៅ … ក្មេងប្រុសតូចនោះបានធំឡើងហើយគាត់មិនបានលេងនៅជុំវិញដើមឈើជារៀងរាល់ថ្ងៃទៀតទេ។
ថ្ងៃមួយក្មេងប្រុសនេះបានត្រលប់ទៅដើមឈើនោះហើយគេមើលទៅដូចជាមិនសប្បាយចិត្ត។ ចូរមកនិងលេងជាមួយខ្ញុំ “ដើមឈើបានសួរក្មេងនេះ” ខ្ញុំមិនមែនក្មេងទៀតទេខ្ញុំមិនចង់រត់លេងនៅជុំវិញដើមឈើទៀតឡើយ” ក្មេងប្រុសម្នាក់នេះបានឆ្លើយតប។ “ខ្ញុំចង់បានប្រដាប់ក្មេងលេង ខ្ញុំត្រូវការលុយដើម្បីទិញវា ” សូមទោសប៉ុន្តែខ្ញុំមិនមានលុយ .. ប៉ុន្តែអ្នកអាចយកផ្លែប៉ោមទាំងអស់របស់ខ្ញុំទៅលក់ ដូច្នេះអ្នកនឹងមានលុយ ” ដើមប៉ោមនិយាយ។ ក្មេងប្រុសនោះរំភើបចិត្តខ្លាំងណាស់ គាត់បានចាប់បេះផ្លែប៉ោមទាំងអស់ដែលនៅលើដើមឈើនិងបានចាកចេញយ៉ាងសប្បាយរីករាយ។ ក្មេងប្រុសម្នាក់នេះមិនដែលបានត្រឡប់មកវិញបន្ទាប់ពីគេបានបេះយកផ្លែប៉ោមនោះអស់ពីដើម។ ដើមប៉ោមមានការនឹករលឹកក្មេងនេាះជាខ្លាំង។
អស់រយៈកាលដ៏យូរកន្លងទៅ នៅថ្ងៃមួយក្មេងប្រុសម្នាក់ដែលឥឡូវនេះបានប្រែក្លាយទៅជាបុរសម្នាក់ត្រឡប់មកវិញហើយដើមឈើរំភើបជាខ្លាំង “សូមអញ្ជើញមកលេងជាមួយខ្ញុំ” ដើមប៉ោមនិយាយ ។ “ខ្ញុំមិនមានពេលវេលាដើម្បីលេង ខ្ញុំត្រូវតែធ្វើការសម្រាប់ក្រុមគ្រួសារខ្ញុំ យើងត្រូវការផ្ទះសម្រាប់ជាទីជំរកមួយ តើអ្នកអាចជួយខ្ញុំបានទេ? » សូមអភ័យទោសប៉ុន្តែ ខ្ញុំមិនមានផ្ទះណាមួយឡើយ ប៉ុន្តែអ្នកអាច កាត់មែកសាខារបស់ខ្ញុំក្នុងការសាងសង់ផ្ទះរបស់អ្នកបាន “។ បុរសនោះបានកាត់មែកទាំងអស់នៃដើមឈើនោះហើយបានចាកចេញទៅទាំងសប្បាយរីករាយម្តងទៀត។ ដើមប៉ោមមានអំណរសប្បាយដោយឃើញគាត់សប្បាយចិត្ត ប៉ុន្តែបុរសម្នាក់នេះមិនដែលបានត្រឡប់មកវិញចាប់តាំងពីពេលនោះមក។ ដើមឈើ ជាថ្មីម្តងទៀតរងភាពឯកកោនិងទុក្ខព្រួយ។
ថ្ងៃមួយនៅរដូវក្តៅមួយ បុរសនោះបានត្រឡប់មកវិញហើយដើមឈើនោះសប្បាយរីករាយណាស់។ ដើមឈើនេះបាននិយាយថា “សូមអញ្ជើញមកលេងជាមួយខ្ញុំ!” ។ “ខ្ញុំចាស់ហើយ ខ្ញុំចង់ធ្វើដំណើរកំសាន្តដើម្បីបន្ធូរអារម្មណ៍ខ្លួនឯង អ្នកអាចផ្តល់ទូកអោយខ្ញុំមួយបានទេ? ” បុរសម្នាក់នេះនិយាយ។ “ប្រើដើមរបស់ខ្ញុំដើម្បីកសាងទូករបស់អ្នក អ្នកអាចបើកទូកទៅឆ្ងាយនិងមានសុភមង្គល “។ បុរសនោះបានកាត់គល់ឈើដើម្បីធ្វើទូកមួយ គាត់បានធ្វើដំណើរកំសាន្ត និងមិនបានបង្ហាញខ្លួនអស់រយៈពេលជាយូរ។
នៅទីបំផុតបុរសនោះបានត្រឡប់មកវិញជាច្រើនឆ្នាំមក។ “សូមទោសក្មេងប្រុសរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនមានអ្វីសំរាប់អ្នកទៀតទេ ខ្ញុំមិនមានផ្លែប៉ោមទៀតសម្រាប់អ្នក”ដើមឈើនិយាយ។ “គ្មានបញ្ហាទេ ខ្ញុំមិនមានធ្មេញដើម្បីខាំ “បុរសម្នាក់នេះឆ្លើយតប។ “គ្មានដើមសម្រាប់អ្នកឡើងទៅលើ” ដើមឈើនិយាយ។ “ខ្ញុំចាស់ណាស់ហើយនៅពេលនេះឡើងដើមឈើមិនរួចទេ” បុរសម្នាក់នេះបាននិយាយ។ “ខ្ញុំពិតជាមិនអាចផ្ដល់ឱ្យអ្នកនូវអ្វីនោះទេ .. ខ្ញុំនៅសល់តែឬសឈើចាស់ជិតស្លាប់របស់ខ្ញុំ” ដើមឈើនេះបាននិយាយដោយទឹកភ្នែក។ “ខ្ញុំមិនត្រូវការអ្វីច្រើនឥឡូវនេះ គ្រាន់តែជាកន្លែងមួយដើម្បីសម្រាក ខ្ញុំពិតជាធុញទ្រាន់នឹងនឿយហត់រយៈពេលប៉ុន្មានឆ្នាំនេះ»បុរសនោះបានឆ្លើយតប។ “ល្អណាស់! ឫសឈើចាស់គឺជាកន្លែងល្អបំផុតសំរាប់លោកអង្គុយលេង សូមអញ្ជើញមក មកអង្គុយជាមួយខ្ញុំហើយអ្នកនឹងបានសម្រាក “។ បុរសនោះបានអង្គុយចុះហើយដើមប៉ោមក៏មានចិត្តរីករាយញញឹមជាមួយទឹកភ្នែក …..
ដំបូន្មាន: ដើមឈើនេះគឺដូចជាឪពុកម្ដាយរបស់យើង។ នៅពេលដែលយើងនៅក្មេងយើងចូលចិត្តលេងជាមួយម្តាយនិងឪពុករបស់យើង .. ពេលធំឡើងយើងក៏ចាកចេញពីគាត់.. ហើយត្រលប់មករកគាត់នៅពេលដែលយើងត្រូវការអ្វីមួយឬពេលយើងមានបញ្ហា។ គ្មានបញ្ហាអ្វីដែលឪពុកម្តាយមិនអាចធ្វើបាន គាត់ផ្ដល់ឱ្យអ្វីគ្រប់យ៉ាងដែលពួកគេអាចគ្រាន់តែដើម្បីធ្វើឱ្យអ្នកសប្បាយចិត្ត។ អ្នកអាចគិតថាក្មេងប្រុសម្នាក់នោះ មានចិត្តឃោរឃៅដល់ដើមឈើ ប៉ុន្តែេនះជារបៀបដែលយើងទាំងអស់គ្នាប្រព្រឹត្ដនឹងឪពុកម្តាយរបស់យើង។ យើងមិនបានយកចិត្តទុកដាក់ មិនឱ្យតម្លៃចំពោះអ្វីទាំងអស់ដែលពួកគាត់បានធ្វើចំពោះយើងរហូតដល់ពេលនេះវាជាការយឺតពេល។