ក្រសាំងទាប
នៅពេលលោកអ៊ំម្នាក់រៀបរាប់អំពីឈ្មោះអន្លក់មួយប្រភេទដែលដំបូងឡើយគេប្រាប់គាត់ថាជា «ក្រសាំងខ្ពស់» នោះ ធ្វើឲ្យគាត់យល់ខុសអស់រយៈពេលជាច្រើនឆ្នាំមុននឹងដឹងច្បាស់ពិតប្រាកដថាជា «ក្រសាំងទាប» ទេ ធ្វើឲ្យខ្ញុំនឹកគិតក្នុងចិត្តថា អ្វីដែលខ្ញុំបានឮបានដឹងជុំវិញខ្លួនប្រហែលជាមិនជាន់ដានលោក អ៊ំទេមើលទៅ ។ លុះដល់សប្ដាហ៍មុននេះ ខ្ញុំរកឃើញថា ខ្ញុំបានយល់ខុសអំពីឈើពីរប្រភេទគឺ «រកា» និង «ក្រឡាញ់» ។
«រកា» មានឈ្មោះវិទ្យាសាស្ត្រថា Dialium cochinchinense ស្ថិតក្នុងអំបូរ Leguminosae-caesalpinioideae ជាឈ្មោះឈើព្រៃមួយប្រភេទ សន្ដាននឹងគ ដើមមានបន្លាធំៗរង្វើលៗ ផ្លែតូចៗខ្លីៗជាងផ្លែគ មានប៉ុយសាច់ម៉ដ្ឋត្រសុសសម្បុរសស្រអាប់ ។ តាំងពីធំដឹងក្ដីមក នៅពេលឃើញរូបគំនូរនៅតាមវត្ត និងតាមប្រាសាទ ឬស្ដាប់ចម្រៀង ខ្ញុំតែងតែយល់ថា «រកា (ដែក)» គឺគ្រាន់តែជាឧបករណ៍ម្យ៉ាងរាងមូលខ្ពស់មានបន្លា ដែលជាជំនឿក្នុងពុទ្ធសាសនាដើម្បីដាក់ទោសសត្វនរកដែលកាលពីនៅរស់ ធ្លាប់បានផិតក្បត់ប្ដីប្រពន្ធតែប៉ុណ្ណោះ គឺមិនដែលគិតថា «រកា» គឺជាប្រភេទឈើម្យ៉ាងនោះឡើយ ។
ដើមរកា
ដើមរកា និងបន្លា
គំនូរវត្តស្ដីពីដើមរកាដែកសម្រាប់ដាក់ទោសសត្វនរកដែលបានផិតក្បត់ប្ដីប្រពន្ធ
ចម្លាក់នៅប្រាសាទអង្គរវត្តស្ដីពីដើមរកាដែកសម្រាប់ដាក់ទោសសត្វនរកដែលបានផិតក្បត់ប្ដីប្រពន្ធ
«ក្រឡាញ់» មានឈ្មោះវិទ្យាសាស្ត្រថា Bombax ceiba ស្ថិតក្នុងអំបូរ Bombacaceae ជាឈើមួយប្រភេទ មានផ្លែបរិភោគបាន ។ តាំងពីតូចរហូតដល់អាយុ១៧ឆ្នាំខ្ញុំមិនដែលបានឃើញ និងបរិភោគផ្លែក្រឡាញ់ម្ដងណាឡើយ គឺគ្រាន់តែបានឮបានដឹងថា មានស្រុកមួយឈ្មោះ «ក្រឡាញ់» ស្ថិតនៅខេត្តសៀមរាប ។ លុះក្រោយមកក៏ពុំដែលបានឃើញដើម និងផ្លែក្រឡាញ់មិនទាន់បកសម្បកឡើយ គឺបានត្រឹមតែឃើញ និងទិញបរិភោគនូវផ្លែក្រឡាញ់ដែលមានដាក់លក់គិតជាកំប៉ុងៗ ប៉ុណ្ណោះ ។ ផ្លែក្រឡាញ់ប្រភេទនេះមានរសជាតិផ្អែម ធ្វើឲ្យខ្ញុំយល់ថា ក្រឡាញ់មានផ្លែផ្អែមស្រេចពីធម្មជាតិ ។ ប៉ុន្តែ មិនដូចការយល់ស្មានសោះ ផ្លែក្រឡាញ់ពីធម្មជាតិគឺ «មានរសជាតិចត់» ។ ការពិតគ្រាប់ផ្លែក្រឡាញ់ផ្អែមដែលមានដាក់លក់នោះគឺបានឆ្លងកាត់ការឆឹងស្ករជាមុនសូរេចសោះ ។
ដើមក្រឡាញ់
ស្លឹកក្រឡាញ់ និងផ្លែខ្ចី
ផ្លែក្រឡាញ់ទុំ
ផ្លែក្រឡាញ់ទុំ បកសម្បក និងឆឹងស្កររួច
សរុបមក ឆ្លងតាមបទពិសោធន៍នេះ ពាក្យដែលគេនិយាយថា «ចំណេះដឹងឥតព្រំដែន ឬគ្មានទីបញ្ចប់» គឺពិតជាត្រឹមត្រូវឥតខ្ចោះមែន ! ចំណែកខ្ញុំ មានរឿងរ៉ាវសាមញ្ញៗជុំវិញខ្លួនជាច្រើនទៀតដែលត្រូវស្វែងយល់ជា បន្តបន្ទាប់ ហើយប្រហែលជាពេញមួយជីវិតផងក៏សឹងមាន ?