ការរៀបចំស្រះ៖
– ជ្រើសរើសស្រះដែលមានទំហំ ១០០ម៉ែត្រការេឡើង ជម្រៅ ១-១,៥ម៉ែត្រ កម្រិតទឹកថ្លាខាងលើប្រមាណ៣តឹក
– ជ្រើរើសទីកន្លែងដែលស្ងប់ស្ងាត់ជិតផ្ទះងាយស្រួលផ្គត់ផ្គង់ទឹក ការពារ និងឲ្យចំណី រួចយកស័ង្កសី ឬសំណាញ់ដាក់ព័ទ្ធជុំវិញប្រមាណ១ម៉ែត្រពីមាត់ស្រះដើម្បីកុំឲ្យវាឡើងចេញ
– យើងអាចដាំដើមដំណាំហូបផ្លែនៅតាមមាត់ស្រះដើម្បីជាម្លប់ដល់កន្ធាយ និងដាក់ដាំត្រកួន កំប្លោក កញ្ឆែតក្នុងស្រះផងដែរ
– ត្រូវរៀបចំកន្លែងដែលមានដាក់បន្ទះឬស្សីរាងទេរបន្តិចដើម្បីឲ្យវាឡើងហាលថ្ងៃបាន
– បាតស្រះត្រូវមានភក់កំរាស់ប្រមាណ១-២តឹក រួចដាក់ទឹកបញ្ចូលជិតពេញស្រះ ហើយបាចកំបោរសប្រមាណ១គីឡូទុកចោលប្រមាណ២អាទិត្យ រួចយកថ្នាំធ្វើឲ្យទឹកស្អាតយកចាក់ចូលស្រះ ១អាទិត្យក្រោយទើបអាចលែហកូនបាន
– យើងអាចរៀបចំជាស្រះស៊ីម៉ងត៍ទៅតាមលទ្ធភាព។
* ការជ្រើសរើសពូជ៖
– យកពូជដែលមាំមួន មានមានទម្ងន់១០០ក្រាមសម្រាប់មកចិញ្ចឹម មិនមានរបួស ឬជម្ងឺ ហើយយកប៉ុនៗគ្នា ការចិញ្ចឹមក្នុងចន្លោះខែកុម្ភៈ ដល់ឧសភាទើបល្អ
– អត្រាចិញ្ចឹមគឺ ៤-៥ក្បាល ក្នុង១ម៉ែត្រការេ ត្រូវលែងកូនកន្ធាយក្នុងសំណាញ់ប្រមាណ១អាទិត្យសិនមុននឹងដាក់ក្នុងស្រះ ដើម្បីពិនិត្យមើលកូនណាដែលមិនល្អយកចេញ។
* ការឲ្យចំណី៖
– នៅពេលយើងដាក់កូនដំបូង យើងអាចស្ងោរដំឡូងជ្វា ផុយល្មមរួចកិនឲ្យបែកតូចៗចាក់នៅលើក្តានៅមាត់ស្រះឲ្យវាស៊ី ១ខែក្រោយយើងចិញ្ច្រាំដំឡូងឆៅល្អិតៗដាក់ឲ្យវា
– មិនត្រូវផ្លាស់ប្តូរកន្លែងដាក់ចំណីរបស់វាទេ ដើម្បីឲ្យវាចាំកន្លែងមកស៊ីចំណី ត្រូវបំបែកចំណីទៅតាមទំហំមាត់កន្ធាយដែលវាអាចស៊ី
– ចាប់ពី៣ខែក្រោយយើងអាចដាក់ចំណីឲ្យវាស៊ីមានដូចជា សត្វល្អិតរស់ក្នុងទឹក កំពិស ត្រី ជន្លេន លាស ក្តាម និងកង្កែប ឬផ្លែឈើនិងគ្រាប់រុក្ខជាតិផ្សេងៗ និងចិញ្ចឹមត្រីតូចៗក្នុងស្រះជាដើម
– ចំណីច្នៃមានដូចជា កន្ទក់ សណ្តែកសៀងកិន ម្សៅត្រីដែលមិនប្រឡាក់ប្រៃ បិរិមាណចំណីឲ្យវាស៊ីប្រមាណ៥-៨%នៃទម្ងន់ខ្លួនកន្ធាយ ឲ្យវាស៊ី២-៣ដងក្នុង១ថ្ងៃ និងមិនត្រូវដាក់លើស ឬខ្វះ
– សម្រាប់វដូវវស្សាយើងអាចបើកមាត់ស្រះសងខាងរួចយកសំណាញ់ដាក់ទប់កុំឲ្យកន្ធាយចេញរួច វិធីនេះអាចឲ្យត្រី និងសត្វផ្សេងៗនៅក្នុងទឹកចូលមកក្នុងស្រះដើម្បីជាចំណីរបស់វា ដែលអាចបានរយៈពេល២ឬ៣ខែដែរ។
– ការថែទាំ៖
– យើងមិនត្រូវដាក់ចំណី ត្រីផ្សេងៗដែលស្អុយឲ្យវាស៊ីនោះទេដែលបណ្តាលឲ្យវាកើតជម្ងឺពោះវៀន
– ជម្ងឺអុចស បណ្តាលមកពីទឹកមិនស្អាត យើងត្រូវបូមទឹកចេញពីស្រះ២០% រួចបូមទឹកល្អចូលវិញ ដោយមើលតាមស្ថានភាពទឹកនៅពេលឃើញថាកខ្វក់
– យើអាចចាប់វាមកខ្វេះលាងសម្អាតកន្លែងដែលមានជម្ងឺចេញ រួចដាក់ថ្នាំ ទុក២០នាទីទើបដាក់ចូលស្រះវិញ
– ត្រូវបូមទឹកចេញទាំងអស់រួចចាប់កន្ធាយ មកពិនិត្យជម្ងឺ និងលាងសម្អាតវារាល់៤ខែម្តង និងត្រូវដាក់ថ្នាំសម្អាតទឹកផង។
– កន្ធាយត្រូវការភាពស្ងប់ស្ងាត់ មិនមានការរំខានពីមនុស្ស ឬសត្វផ្សេងៗឡើយ
– ក្រោយពេលចិញ្ចឹមរយៈពេល១២ខែយើងអាចចាប់វាលក់បានដែលមានទម្ងន់ពី៨ខាំ ទៅ១,២ គីឡូក្រាម ដែលវាមានតម្លៃប្រមាណ ១០-១២ដុល្លា ក្នុងមួយគីឡូ។
ចងក្រងអត្ថបទដោយ៖ អ៊ាង សុផល្លែត