ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

រូបចម្លាក់​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ.ស

រូបចម្លាក់ ​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ្រិស្តសករាជ

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

យោង ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​ ដែល​មាន​ទីតាំង​នៅ​ពី​ខាងត្បូង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក​ស្ថិត​ ក្នុង​ភូមិ​ព្រែក​ប្រណាក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​រស្មីកម្ពុជា​ដឹង​ថា​ ខ្មែរ​មាន​ជំនឿ​លើ​អ្នក​ម្នាង​ផ្ទះ​ ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ចាប់​តាំងពី​ការ​កកើត​ និង​កាន់​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ​ ​ដូច្នេះ​វា​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

ការ​ហៅ​ពាក្យ​ថា​ ជំនាងផ្ទះ ​របស់​ខ្មែរ​កន្លង​មក​ត្រូវ​បាន​លោក​ សឹង្ហ​ ​គា ​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​បដិសេធ​ថា​ វា​ពុំ​មាន​ន័យ​សក្ដិសម​ទាល់តែ​សោះ​ជាមួយនឹង​មុខងារ​របស់​អ្នកម្នាងផ្ទះ​ ​ហើយ​ក៏​មិន​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ផង​ដែរ (ប៉ុន្តែ​ក្នុង​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច​កំណែ​២ មាន​ពាក្យ​ជំនាងផ្ទះ​នេះ ថែម​ទាំង​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​ទៀត​ផង) ។

ទាក់ទិន​ទៅ​នឹង​គតិបណ្ឌិត​ខ្មែរ​ចំពោះ​អ្នកម្នាងផ្ទះ​ លោក​អគ្គលេខាធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត​ និង​ព្រលឹង​ វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា​មាន​តម្លៃ​ គឺ​មាន​ជីវិត​ដែរ​ដែល​ទស្សនៈ​នេះ​មាន​នៅ​ក្នុង​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​នៅ​កំណត់​បាន​ថា​ជា​របស់​ខ្មែរ​ ​គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខុម​លោក ។​តួនាទី​អ្នកម្នាងផ្ទះ​គឺ​ ជា​ធាតុ​មួយ​ធ្វើ​ឱ្យ​ផ្ទះ​មាន​ព្រលឹង​មាន​ជីវិត​ ​ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឱ្យ​គង់​ផង​ ​ថែរក្សា​មក​ខ្លួន​ផង​ (ផ្ទះ) ឱ្យ​គង់​និង​សុខដុមរមនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​នៅ​ក្នុង​ផ្ទះ​ ​និង​រួម​ទាំង​ផ្ទះ​ផង​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កំណត់​ថា​ មាន​ព្រលឹង​វិញ្ញាណ​ដែល​ជា​អ្នក​ការពារ​ផ្ទះ​ ​និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឱ្យ​បាន​សេចក្ដីសុខ​ ​និង​ចម្រើន​ជឿនលឿន ។

មាន​ចំណុច​សំខាន់ៗ​ពីរ​លោក​អគ្គលេខាធិការ​ក៏​បាន​ធ្វើការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ដូច​ខាងក្រោម​ថា ៖

ការ​បដិសណ្ឋិត​អ្នកម្នាងផ្ទះ

បន្ទាប់ ​ពី​ប្រុង​គ្រឿង​ផ្ទះ​រួចរាល់​ហើយ​ ​ព្រឹក​ដែល​ត្រូវ​លើក​ផ្ទះ​ អាចារ្យ​បង្គាប់​ឱ្យ​ជាង​សែង​ឈើ​ដែល​ជា​មេដំបូល​នោះ​មក​សណ្ដូក​តាម​ទិស​ផ្ទះ ​ គឺ​ពី​កើត​ទៅ​លិច​ គល់ឈើ​ត្រូវ​ដាក់​ខាងកើត​ និង​កប់​បន្ដិច​ផង​ ​រីឯ​ចុង​របស់​ឈើ​ជា​មេដំបូល​ត្រូវ​ដាក់​ខាងលិច ។ អាចារ្យ​បាន​យក​អំបោះ​ទៅ​ជ្រលក់​ទឹក​លាយ​ម្សៅ​រមៀត ។ រួច​យក​ទៅ​ចង​ចុង​មេដំបូល​នោះ​ជាមួយ​នឹង​ការ​បន់ស្រន់​ឧបកិច្ច​យ៉ាង​ ហ្មត់ចត់​ដោយ​ប្រុង​ប្រយ័ត្ន ។ មេជាង​ធំ​បាន​កាត់​ចុង​មេដំបូល​នោះ​បន្ដិច​ត្រង​យក​អាចម៍​រណា និង​ចុង​នោះ​បោះ​ចូល​ក្នុង​ទឹក​ដោយ​ឧបកិច្ច​សុំ​សេចក្ដីសុខ​ដល់​ម្ចាស់ផ្ទះ​ និង​សុំ​ឱ្យ​ជាង​ទាំងអស់​ក្នុង​បេសកកម្ម​លើក​ផ្ទះ​នេះ​បាន​សុខ​ទាំងអស់​ គ្នា ។

នៅ​សសរ​កន្លោង​អាចារ្យ​បាន​ស្នើ​ឱ្យ​ ម្ចាស់​ផ្ទះ​រក​កូន​ចេក​ ​ឬ​អំពៅ​ជាមួយ​និង​ឆត្រ​ ​ខោអាវ​ថ្មីៗ​ ​ក្រមា​មក​ចង​ផ្អោប​តាំងពី​ដំបូង ។​ ​គ្រឿងសម្អាង​ ​និង​សម្លៀក​បំពាក់​ស្ដ្រី​ទាំងនោះ​គឺ​សម្រាប់​នារី​ភេទ​ ​នោះ​គឺ​អ្នក​ម្នាង​ផ្ទះ​នោះ​ឯង ។ បន្ទាប់​ពី​ការ​សាងសង់​ផ្ទះ​រួច​ហើយ​ម្ចាស់ផ្ទះ​ត្រូវ​យក​អំពៅ​ ​ឬ​ដើម​ចេក​ទៅ​ដាំ​នៅ​ជ្រុង​ឦសាន​នៃ​គេហដ្ឋាន​ថ្មី​នោះ​ រីឯ​សម្លៀក​បំពាក់​នោះ​ ​អាចារ្យ​ត្រូវ​ស្នើ​ឱ្យ​ម្ចាស់ផ្ទះ​ស្ដ្រី​យក​ទៅ​ចង​ ឬ​ស្លៀកពាក់​ឱ្យ​សសរ​កន្លោង​នោះ​ ​ព្រមទាំង​លាប​ប្រេង​ម្សៅ​បាញ់​ទឹកអប់​ដាក់​សសរ​នោះ ។ ក្នុង​ខណៈ​នេះ​ទាំង​អាចារ្យ​ ​និង​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ដោយ​ព្រះធម៌​នមស្ការ​អញ្ជើញ​វិញ្ញាណ​ព្រះ​ម្នាង ​របស់​បុព្វបុរស​ក្នុង​ត្រកូល​គ្រួសារ​នោះ​គ្រប់ៗ​ជំនាន់​ឱ្យ​មក​សណ្ឋិត​នៅ​ ក្នុង​សសរ​ផ្ទះ​នេះ​ចាប់ពី​ពេល​នេះ​តទៅ ។

មនុស្ស ​ទាំងអស់​ដែល​ចូលរួម​ពិធី​ឡើងផ្ទះ​នេះ​សុទ្ធតែ​ជួយ​បន្ទរ​នូវ​ពាក្យ​អង្វរករ ​ដោយ​ពាក្យ​ល្អៗ​ពីរោះ​ដើម្បី​ឱ្យ​វិញ្ញាណ​ភរិយា​នៃ​បុព្វបុរស​នៃ​ត្រកូល​នៃ ​គ្រួសារ​នេះ​ឱ្យ​មក​សណ្ឋិត​នៅ​នឹង​ផ្ទះ​នេះ​ជួយ​ចម្រុង​ចម្រើន​ដល់​គ្រួសារ ​នេះ ។ ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្នកម្នាង ផ្ទះ​បាន​មក​នៅ​សណ្ឋិត​ក្នុង​ផ្ទះ​ដោយ​ប្រាកដ ។ ក្នុង​ថ្ងៃ​នេះ​ម្ចាស់ផ្ទះ​ក៏​បាន​រៀបចំ​ចំណីអាហារ​ ​និង​បង្អែម​ទឹក​ទទួល​អ្នកម្នាងផ្ទះ​ដោយ​តម្កល់​ថាស​អាហារ​ក្បែរ​សសរ​នោះ​ បែរមុខ​ទៅ​រក​ជណ្ដើរ ។ រីឯ​សម្លៀក​បំពាក់​នោះ​គឺ​ស្រេច​តែ​លើ​សមត្ថភាព​ម្ចាស់ផ្ទះ​ ​បើ​ធូរធារ​គឺ​សុទ្ធតែ​ខោអាវ​ល្អៗ​ចំពោះ​ស្ដ្រី ។ ម្យ៉ាងទៀត​សម្លៀក​បំពាក់​ម្ចាស់ផ្ទះ​ពី​បុរាណ​ពុំដែល​យក​ចេញ​ ​គឺ​តែងតែ​ផ្លាស់​ប្ដូរ​ឱ្យ​ជា​រៀង​រាល់​ឆ្នាំ ។

ខ្មែរ ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ​នោះ​មុតមាំ​ណាស់​ ​គេ​បាន​សង់​កូន​ប្រាសាទ​តូច​ឬ​ អាសនៈ​មួយ​សម្រាប់​តម្កល់​ជាប់​នឹង​សសរ​ផ្ទះ​ ​សម្រាប់​រៀបចំ​ពិធី​សក្ការៈ​ផ្សេងៗ ។ ម្ចាស់ផ្ទះ​តែងតែ​យក​ផ្លែ​ឈើ​ដំបូង​ដើមដៃ​ដែល​ជា​ផល្លានុផល​របស់​គេ​មក​ ថ្វាយ​អ្នក​ម្នាង​ផ្ទះ ។ ផ្លែ​ឈើ​ ឬ​ផល្លានុផល​ទាំងនោះ​ ​គឺ​ជ្រើសរើស​យក​តែ​ផ្លែ​ធំៗ​ល្អៗ​ជាងគេ​សម្រាប់​រៀបចំ​ដល់​ “អ្នកម្នាងផ្ទះ”

គួរ ​ឱ្យ​សោកស្ដាយ​ដែល​ទំនៀមទម្លាប់​ដ៏​ផូរផង់​នេះ​បាន​សាបរលាប​បន្ដិច​ម្ដងៗ​ ស្ទើរ​គ្មាន​ដាន​ ​និង​ស្រាវជ្រាវ ។​ ​ជិត​មួយ​សតវត្ស​ទៅ​នេះ​ខ្មែរ​ស្ទើរតែ​គ្មាន​ព្រលឹង​ ​រហូត​យក​ព្រលឹង​អ្នក​ដទៃ​មក​បញ្ចូល​ក្នុង​រូប​របស់​ខ្លួន​ តួយ៉ាង​ដូច​ជា​ការ​គោរព​បូជា​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងផ្ទះ​ជាដើម​ ​គឺ​គ្មាន​អ្វី​សក្ដិសម​នឹង​ជាតិ​សាសន៍​មួយ​នៅ​លើ​ទឹកដី​មួយ​ឱ្យ​ប្រាកដ​ ប្រជា​ឡើយ ។

ហេតុ​អ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ដ្រីជាតិ ?

ពាក្យ ​ថា​ខ្មែរ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ ក្បោះក្បាយ ។ លោក​សាស្ត្រាចារ្យ​ កេង​ ​វ៉ាន់សាក់​ ​និង​លោក​ ឈឹម​ ​ក្រសេម​ ​ហាក់​យល់​ស្រប​គ្នា​ថា​ សង្គម​ខ្មែរ​ក្នុង​សម័យ​បុព្វ​កាល​គឺជា​សង្គម​មាតា​ធិបតេយ្យ​ ​គឺ​យក​ស្ដ្រី​ជា​ធំ ។ អ្វីៗ​ដែល​ជា​ការ​គោរព​អ្វី​ដែល​ជាទី​ពឹង​ និង​អ្វីៗ​ដែល​ជា​ធំ​ខ្មែរ​ហៅ​ថា​ “មេ”​ គឺ​សំដៅ​ទៅ​ស្ដ្រីភេទ​ដូច​ជា​មេដៃ​ ​មេជើង​ ​និង​មេដឹកនាំ​ ​មេដំបូល​ផ្ទះ​ជាដើម ។ នេះ​ជា​ការ​លើក​តម្កើង​ស្ដ្រី​ដែល​មាន​ជាប់​មក​រហូត​ដល់​សព្វថ្ងៃ​ដែល​ខ្មែរ ​នៅ​ប្រើ​ ដូចជា​ ម្ដាយ​ឪពុក​ និង​ជីដូន​ជីតា​ គឺ​សុទ្ធតែ​ដាក់​ស្ដ្រី​មុន​ទាំងអស់​ទោះ​ក្នុង​ការ​ធ្វើ​ដំណើរ​ស្ដ្រី​ត្រូវ ​ដើរ​មុន​ ​ឬ​ប្ដី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា​ “ខ្មែរ” ​គឺ​មក​ពី​ផ្សំ​អក្សរ​ “ក” បញ្ចូល​គ្នា​នឹង​ពាក្យ​មួយ​គឺ​ «ក​+​មេ» ។​ ​ព្យញ្ជនៈ​ “ក” កាលណា​ដាក់​នៅ​មុខ​ពាក្យ​ណាមួយ​​នឹង​ធ្វើ​ឲ្យ​ពាក្យ​ទាំងនោះ​កាន់តែ​មាន​ន័យ​រន្ថាន់​ឡើង ។ ពាក្យ​ថា​ ក​ ​មេ​ ​មាន​ន័យ​ថា​មេ​ដ៏​អស្ចារ្យ​ ​មេ​ដ៏​រុងរឿង ។ ការ​ហៅ​ប្រទេស​នេះ​ឈ្មោះ​ ក​ ​មេ​ ​រហូត​ក្លាយជា​ ក្មេរ​ ទៅ​ជា​ ក្មែរ​ ឬ​ ខ្មែរ​ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ​ដែល​មាន​អក្សរ​ “ក” ​ពីមុខ​ ដូចជា​ កូរទឹក​ បើ​ថែម “ក” ​ពីមុខ​វា​ទៅ​ជា កកូរ​ទឹក​ ​កកាយ​ដី​ ​គឺ​មាន​ន័យ​ស្ទួន ។

ទាក់ទង ​រវាង​ស្ដ្រីជាតិ​ដែល​ជា​អ្នកម្នាងផ្ទះ​ខ្មែរ​នោះ​ ​នៅ​មាន​អំណះ​អំណាង​ជា​ច្រើន​ទៀត​ដែល​​នឹង​បកស្រាយ​តាម​លំដាប់​លំដោយ​ដែល​ មាន​ន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ​ ​ដែល​ជនជាតិ​ខ្មែរ​គួរតែ​ស្វែង​យល់​ និង​គួរ​ដឹង ។ តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ហ្សាក់​ ណេពត​ ដែល​ជា​ជនជាតិ​បារាំង បាន​បញ្ជាក់​ថា​ ផ្ទះ​គឺជា​កម្មសិទ្ធិ​របស់​ស្ដ្រី​គឺ​ខុស​គ្នា​ពី​វត្ដ​ជា​កម្មសិទ្ធិ​របស់​ បុរស​ភេទ​ គ្រាន់តែ​វត្ដ​ហាម​ឃាត់​ផ្នែក​ភេទ​ប៉ុណ្ណោះ ។

ក្នុង ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ក្ដី​ក្រោយ​ពេល​រៀបការ​បុរស ​ត្រូវ​ទៅ​នៅ​ផ្ទះ​ខាង​ស្រី​ បុរស​ត្រូវ​ដេក​នៅ​ខាងស្ដាំ​ ភរិយា​ខ្លួន​គឺ​ក្នុង​នាម​ជា​អ្នកបម្រើ​ ឬ​អ្នកកន្ដៀត ។ នៅ​ក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែ​រួម​ភេទ​ដើម្បី​បង្កើត​កូន ។ ប្រសិនបើ​ប្រសូត​បាន​កូន​ប្រុស​គឺ​គេ​ប្រដូច​កូន​នោះ​ទៅ​នឹង​ឪពុក​ ប្រសិនបើ​គ្រួសារ​នោះ​លែង​លះ​គ្នា​ គឺ​កូន​ប្រុស​បាន​ទៅ​ឪពុក កូនស្រី​បាន​មក​ម្ដាយ​ ​ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណ​ក៏​មាន ។ មិនយូរ​ប៉ុន្មាន​ទៅ​នេះ​នារី​ខ្មែរ​ក្រោយ​ពី​ពេល​ចេញ​ម្លប់​ ឪពុក​ម្ដាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុល​បង្ហាញ​ដី​ស្រែ​ចម្ការ​ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ឱ្យ​នាង​ក្រោយ​ពេល​រៀប​ការ ។ នៅ​ភូមិ​គ្រួស​ ​ឃុំ​គ្រួស​ ​ស្រុក​រលៀប្អៀរ​ ​ខេត្ដ​កំពង់ឆ្នាំង​សព្វថ្ងៃ​ នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ​ គឺ​មុន​ពេល​រៀប​ការ​ភាគី​បុរស​ត្រូវ​សន្យា​ថា​ ​នឹង​សង់ផ្ទះ​មួយ​ឱ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀប​ការ​ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ដ្រី​នោះ​ ​ទោះបី​បែកបាក់​គ្នា​ក៏​ដោយ​ភាគី​បុរស​ពុំ​អាច​ទាមទារ​យក​វិញ​បាន​ទេ ។

ស្ដ្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅ​ថា​ “មេ​ខ្លូត”​ គឺ​ស្ដ្រី​ដ៏​ឧត្ដុ​ង​ឧត្ដម​ប្រកប​ដោយ​ឥស្សរភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើ​ពាក្យ​ថា​ខ្លូត​ ចំពោះតែ​ត្រសក់​ត្រឡាច​ ​ដែល​ត្រលុក​ត្រលន់​ល្អ​គួរ​ឱ្យ​ស្រឡាញ់​ពេញចិត្ដ​គ្រប់​គ្នា ។ នៅ​ក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ​ ពិសេស​នៅ​តាម​ជនបទ​គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់​ដូចជា​មាន​បម្រាម​រឹង​ និង​អាថ៌​កំបាំង​ ​នោះ​គឺ​ល្វែង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ដ្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្ស​ស្រី​គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្ដី ។

សរុប​សេចក្ដី​មក​ អាទិភាព​នៃ​ការ​ថែរក្សា​ ​និង​បង្កើត​សេចក្ដី​សុភមង្គល​ក្នុង​គេហដ្ឋាន​ខ្មែរ​ ​គឺជា​ស្ដ្រីជាតិ​ដែល​យើង​ហៅ​ថា​ “អ្នកម្នាងផ្ទះ” ។ ពាក្យ​ថា​អ្នកម្នាងផ្ទះ​គឺ​សំដៅ​លើ​ស្ដ្រីភេទ​ក្នុង​ត្រកូល​ឧត្ដម ឬ​ស្ដេច ។​ ការ​ហៅ​ថា​ ជីនាងផ្ទះ​ ​ឬ​ជំនាងផ្ទះ​ គឺ​ពុំ​មាន​ន័យ​អ្វី​ទេ​ ឬ​បែរ​ជា​មាន​ន័យ​ផ្សេង​ទៅ​វិញ ។ ទោះ​ក្នុង​សង្គម​មនុស្ស​ក្ដី​ ប្រសិនបើ​ហៅ​ឈ្មោះ ឬ​សរសេរ​ឈ្មោះ​របស់​នរណា​ម្នាក់​ខុស​ ហើយ​ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ម្ចាស់​ឈ្មោះ​នោះ​ គេ​ឃើញ​ថា​ខុស​ឈ្មោះ​ ​គេ​ប្រកាន់​ណាស់​ដោយ​គេ​យល់​ថា​រាប់អាន​ម្ដេច​កើត​សូម្បី​ឈ្មោះ​គេ​ពុំ​ ស្គាល់​ផង​នោះ ។

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា)

Leave a Reply